ក្នុងនាមជាស្ថាប័នឈានមុខនៃក្រសួងសុខាភិបាល ក្នុងការអនុវត្តការងារផ្លាស់ប្តូរឥរិយាបថសុខភាពប្រជាជន មជ្ឈមណ្ឌលជាតិបានសម្រេចនូវសមិទ្ធផលជាច្រើន ដែលបានចូលរួមចំណែកក្នុងការសម្រេចបានសូចនាករជាតិសំខាន់ៗ រួមមាន ការការពារនិងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ការការពារនិងកាត់បន្ថយជំងឺមិនឆ្លង ការលើកកម្ពស់ការថែទាំសុខភាពបឋម និងការលើកកម្ពស់ឥរិយាបថស្វែងរកសេវាសុខភាពរបស់ប្រជាជន ។ លើសពីនេះទៀតមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ក៏បានចូលរួមចំណែកក្នុងការសម្រេចសូចនាករសុខភាពសំខាន់ផ្សេងៗទៀត ដែលទាក់ទងនឹងសុខភាពមាតានិងទារក ជំងឺអេដស៍ គ្រុនឈាម និងជំងឺឆ្លងនានា ។
សូមស្វាគមន៍មកកាន់គេហទំព័រផ្លូវការរបស់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព នៃក្រសួងសុខាភិបាល ។
យើងខ្ញុំសូមអញ្ជើញលោកអ្នកចូលទស្សនាគេហទំព័ររបស់យើងខ្ញុំ ដែលមិនត្រឹមតែជាកន្លែងបង្ហាញជូននូវសកម្មភាព របស់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែលោកអ្នកក៏អាចស្វែងយល់ពីករណីសិក្សានានាដែលមានគុណភាព គួរឲ្យចាប់អារម្មណ៍ ជុំវិញការធ្វើយុទ្ធនាការជោគជ័យក្នុងការលើកកំពស់សុខភាព ដូចជាការគ្រប់គ្រងថ្នាំជក់ ការគ្រប់គ្រងគ្រឿងស្រវឹង ការទប់ស្កាត់ជំងឺឆ្លងនិងជំងឺមិនឆ្លងនានា និងជំរុញការចូលរួមរបស់សហគមន៍ ។
បន្ថែមពីនេះ គេហទំព័រថ្មីនេះក៏មានផ្ទុកនូវបណ្ណាល័យឌីជីថល ស្តីពីការផ្លាស់ប្តូរឥរិយាបថសង្គម (SBC Digital Library) ប្រកបដោយភាពជឿនលឿន និងដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមានឧបករណ៍ សម្ភារ និងឯកសារស្រាវជ្រាវពាក់ព័ន្ធជាច្រើនត្រូវបានចែករំលែក និងដាក់ជូនឲ្យប្រើប្រាស់ជាសាធារណៈ តាមរយៈប្រព័ន្ធបណ្ណាល័យដែលងាយស្រួលប្រើ សម្រាប់អ្នកធ្វើការផ្នែកផ្លាស់ប្តូរឥរិយាបថសង្គម យកទៅប្រើប្រាស់ ។ បណ្ណាល័យឌីជីថលនេះ ដំណើរការបានយ៉ាងល្អជាមួយនឹងឧបករណ៍ថេបប្លែត និងទូរស័ព្ទស្មាតហ្វូននានា ដូច្នេះលោកអ្នកនឹងមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងចែករំលែកធនធានទាំងនេះបាន គ្រប់ទីកន្លែង ។
យើងខ្ញុំសង្ឃឹមថាលោកអ្នកនឹងទទួលបានព័ត៌មាន និងឯកសារនានា ដែលលោកអ្នកកំពុងស្វែងរក ហើយយើងខ្ញុំសង្ឃឹមថា ឯកសារទាំងនោះនឹងមានសារប្រយោជន៍ ដល់កិច្ចការរបស់អ្នក ក្នុងបេសសកម្មលើកកម្ពស់ឥរិយាបថប្រកបដោយសុខភាព ។
លោកស្រីបណ្ឌិត ឈា ឆដាភា
ប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព