ការស្រាវជ្រាវ និងបណ្ដុះបណ្ដាល

ផ្នែកបណ្តុះបណ្តាល ស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ការិយាល័យបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព​ ។ ផ្នែកនេះមានសារសំខាន់ណាស់ក្នុងការបង្កើនសមត្ថភាពដល់មន្ត្រីសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងមន្ត្រីដែលធ្វើការនៅបណ្តាអង្គការនានាដែលធ្វើការងារផ្នែកលើកកំពស់សុខភាព ។ ការបង្កើនសមត្ថភាពបានផ្តល់នូវចំណេះដឹង ជំនាញ និងឥរិយាបថល្អដល់មន្ត្រីទាំងនោះ ដោយប្រើប្រាស់វិធីសាស្រ្តបង្រៀនតាមបែបចូលរួម ។

ផ្នែកបណ្តុះបណ្តាលបានចងក្រង និងបណ្តុះបណ្តាលអំពី សិទ្ធិអតិថិជន និងសិទ្ធិ-កាតព្វកិច្ចអ្នកផ្តល់សេវាសុខាភិបាល, សមាហរណកម្មនៃការទទួលបន្ទុកពិនិត្យនិងព្យាបាលជំងឺនៅសហគមន៍, សំណុំសកម្មភាពអប្បបរមាម៉ូឌុលទី៧ ស្តីពីការលើកកម្ពស់សុខភាព ការផ្លាស់ប្តូវឥរិយាបថសម្រាប់មណ្ឌលសុខភាព ។ ផ្នែកមិនត្រឹមតែបណ្តុះបណ្តាលប៉ុណ្ណោះទេ តែថែមទាំងធ្វើការតាមដាន, អភិបាល ក្នុងការអនុវត្តន៍សិទ្ធិអតិថិជន និងសិទ្ធិ-កាតព្វកិច្ចអ្នកផ្តល់សេវាសុខាភិបាលនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ, មន្ទីរសុខាភិបាលខេត្តទូទាំងប្រទេសផងដែរ ។       

ផ្នែកបណ្តុះបណ្តាលបានចងក្រងសៀវភៅអំពី "ការយល់ដឹងពីការថែទាំសុខភាពសហគមន៍" ដោយមានការសហការពីនាយកដ្ឋានការពារសុខភាព នាយកដ្ឋានមន្ទីរពេទ្យ​ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ព្រមទាំងមន្ទីរសុខាភិបាលខេត្តកំពត កំពង់ស្ពឺ កំពង់ធំ​ និងអង្គការសុខភាពពិភពលោក ​សម្រាប់យកទៅប្រើប្រាស់ក្នុងការផ្តល់ព័ត៌មានជូនដល់ប្រជាជនទូទាំងប្រទេសឲ្យមានចំណេះដឹងអំពីសុខភាពដែលជាប្រយោជន៍ជំរុញឲ្យពួកគេមានទម្លាប់រស់នៅប្រកបដោយសុខភាព និងលើកកំពស់ការប្រើប្រាស់សេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព ។

មុខងារ និងការ​ទទួល​ខុសត្រូវ

ផ្នែកបណ្តុះបណ្តាល រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ពង្រឹងសមត្ថភាព ធ្វើការបណ្តុះបណ្តាល និងតាមដានសកម្មភាព ដល់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អំពីការងារលើកកម្ពស់សុខភាព ការបណ្តុះបណ្តាលតាមបែបចូលរួម ជំនាញអប់រំសុខភាព (MPA Module 7) និងសិទ្ធិអតិថិជន និងសិទ្ធិ-កាតព្វកិច្ចអ្នកផ្តល់សេវាសុខាភិបាលដល់មន្ត្រីមន្ទីរសុខាភិបាលខេត្ត, មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ, មន្រ្តីមណ្ឌលសុខភាព ក្នុងគោលបំណងផ្តល់ចំណេះដឹង, ជំនាញ និងបទពិសោធន៍ ដើម្បីឱ្យមន្ត្រីសុខាភិបាល និងអតិថិជន អនុវត្តនូវបច្ចេកទេសក្នុងការគោរពសិទ្ធិអតិថិជន និងសិទ្ធិ-កាតព្វកិច្ចអ្នកផ្តល់សេវាសុខាភិបាលឱ្យមានប្រសិទ្ធភាព ។ ផ្នែកក៏បានបណ្តុះបណ្តាលគ្រូបង្គោលជាច្រើនវគ្គទៀតស្តីពី ការប្រើប្រាស់សៀវភៅការយល់ដឹងពីការថែទាំសុខភាពសហគមន៍, សំណុំសកម្មភាពអប្បរមាម៉ូឌុលទី៧, សមាហរណកម្មនៃការទទួលបន្ទុកពិនិត្យនិងព្យាបាលជំងឺកុមារនៅសហគមន៍, ការផ្លាស់ប្តូរឥរិយាបថតាមរយៈការប្រាស្រ័យទាក់ទង, មូលដ្ឋាននៃការអប់រំសុខភាព, ការធ្វើផែនការ ការតាមដាន និងការវាយតម្លៃតាមបែបចូលរួម, ការគ្រប់គ្រងការលើកកំពស់សុខភាពសហគមន៍ ដល់មន្ត្រីមន្ទីរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងបណ្តាអង្គការដៃគូដែលពាក់ពន្ធ័ ។

ករណីសិក្សា