មជ្ឈមណ្ឌលជាតិ​លើក​កំពស់​សុខភាព

          មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព នៃក្រសួងសុខាភិបាលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ។ ពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​១៩៩៧ មជ្ឈមណ្ឌល​នេះមាន​ឈ្មោះ​ថា មជ្ឈមណ្ឌលអនាម័យ អប់រំសុខភាព និងថែទាំសុខភាពបឋម ។ មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ជាសេនាធិការ​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថរបស់​សាធារណជន និង​ជំរុញ​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​អ្នក​ផ្តល់​សេវាសុខភាព ​​ការត្រួតពិនិត្យ​ថ្នាំជក់និង​គ្រឿង​ស្រវឹង ការ​អនុវត្ត​សិទ្ធិ​អតិថិជន និង​សិទ្ធិ​-កាតព្វកិច្ចអ្នក​ផ្តល់សេវា និងពង្រឹងប្រព័ន្ធជំរុញការ​ចូលរួម​របស់​សហគមន៍ ដោយ​បង្កើត​ជា​គោលនយោបាយជាតិ​ សេចក្តីណែនាំ ច្បាប់លិខិត​បទដ្ឋានគតិយុត្ត និង​រៀបចំ​ការ​ពង្រឹង​សមត្ថភាព ។ មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព មានទំនួលខុសត្រូវក្នុងការផ្តល់បច្ចេកទេស និងសម្របសម្រួលជាមួយ មន្ទីរសុខាភិបាលទូទាំងប្រទេស តាម​រយៈផ្នែក​លើកកម្ពស់​សុខភាព ។ 

          មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព មាននិម្មិតសញ្ញាដូចខាងក្រោម ៖

  • និម្មិតសញ្ញានេះ មានរូបមនុស្សស្រីម្នាក់ប្រុសម្នាក់ និងកុមារា-កុមារីពីរនាក់ តំណាងឱ្យគ្រួសារមានសុខភាពល្អ ។ រូបឆ័ត្រតំណាងឱ្យគោលការណ៍ទាំងបីនៃសុខភាព គឺការបង្ការ ការអប់រំ និង ការលើកកម្ពស់សុខភាព ។
  • និម្មិតសញ្ញាទាំងមូលមានពណ៌បៃតង តំណាងឱ្យបរិស្ថានមានសុខភាព។
  • និមិ្មតសញ្ញានេះមានចំណងជើងជាភាសាខ្មែរ "មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព" នៅពីលើ និងមានអក្សរកាត់ "មជលស" នៅផ្នែកខាងឆ្វេង ។ ចំណងជើងជាភាសាអង់គ្លេសអានថា" National Centre for Health Promotion" នៅខាងក្រោម និងមានអក្សរកាត់ "NCHP" នៅផ្នែកខាងស្តាំ ៕