ផលិតផលគ្រឿងស្រវឹង សំដៅដល់ផលិតផលគ្រប់ប្រភេទដែលផ្សំឡើងពីអេតាណុលលើសពី ១% នៃបរិមាណរបស់ទឹក ឬគួបផ្សំជាមួយសារធាតុដទៃទៀត ដែលបង្កើតឡើងដោយឧស្សាហករគ្រឿងស្រវឹង និងដោយមធ្យោបាយផ្សេងៗទៀត ប្រើប្រាស់សម្រាប់ផឹកដោយផ្ទាល់ ឬដោយទម្រង់ផ្សេងៗទៀត ។ ផលិតផលគ្រឿងស្រវឹងអាចមានផលប៉ះពាល់ច្រើន ដូចជាបញ្ហាសុខភាពដែលបង្កឲ្យមានជំងឺជាង២០០ប្រភេទ អំពើហឹង្សា គ្រោះថ្នាក់ចរាចរណ៍ និងភាពក្រីក្រ ជាដើម ។
គ្រឿងស្រវឹង គឺជាមូលហេតុទី៣ដែលបណ្ដាលឲមានអ្នកស្លាប់នៅលើពិភពលោក ប្រមាណ២.៥លាននាក់ក្នុង១ឆ្នាំៗ ។ ផលិតផលគ្រឿងស្រវឹងមានផលប៉ះពាល់ជាច្រើន ដូចជាបញ្ហាសុខភាពដែលបង្កឲ្យមានជំងឺប្រមាណ២០០មុខ រួមមានជំងឺមហារីកបំពង់អាហារ មហារីកថ្លើម ជំងឺលើសសំពាធឈាម ជំងឺស្ទះសរសៃឈាមបេះដូង-ខួរក្បាល ជំងឺក្រិនថ្លើម រលាកលំពែង វិកលវិបល្លាសជាដើម ។ ក្រៅពីនេះ គ្រឿងស្រវឹងក៏ជាដើមហេតុនៃគ្រោះថ្នាក់ចរាចរណ៍ ការបាត់បង់សណ្ដាប់ធ្នាប់សង្គម អំពើហឹង្សាក្នុងគ្រួសារ និងបញ្ហាសង្គមជាច្រើនទៀត ។
-- World Health Organization, Global Report on Alcohol and Health 2011