សុខភាពគឺជាសុខុមាលភាពពេញលេញទាំងផ្លូវកាយ, ផ្លូវចិត្ត, និងសង្គម ។ ពោលគឺមិនត្រឹមតែភាពគ្មានជំងឺ ឬពិការភាពនោះទេ ។ ដោយផ្អែកលើនិយមន័យរបស់អង្គការសុខភាពពិភពលោកនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកម្ពស់សុខភាព, ការផ្លាស់ប្តូរឥរិយាបថដើម្បីសុខភាព អាចធ្វើទៅបានគឺអាស្រ័យលើមនុស្សគ្រប់រូបក្នុងសហគមន៍ចូលរួមទាំងអស់គ្នា ទាំងការគិត, ទាំងវាចារចិត្ត, និងការប្រព្រឹត្តិឲ្យបានល្អត្រឹមត្រូវ ទើបសុខភាពរបស់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ មានភាពល្អប្រសើរ ។
បន្ទុកដ៏ធ្ងន់ធ្ងរបំផុតនៃការប៉ះពាល់លើសុខភាពគឺមានបញ្ហាជាច្រើនរួមមាន ជំងឺឆ្លង, ជំងឺមិនឆ្លង ។ល។ ហើយជំងឺឬបញ្ហាសុខភាពទាំងនោះ ភាគច្រើនបង្កឡើងដោយការប្រព្រឹត្តិមិនល្អ មិនត្រឹមត្រូវរបស់មនុស្ស ។ តួយ៉ាងដូចជាការរស់ខ្វះអនាម័យខ្លួនប្រាណ, ពុំមានអនាម័យលំនៅដ្ឋាន, គ្មានអនាម័យចំណីអាហារ, និងពុំបានប្រើប្រាស់ទឹកមានសុវត្ថិភាព ។ល។ អំពើប្រព្រឹត្តិបែបនេះ រួមចំណែកបង្កហានិភ័យមកលើសុខភាពបានយ៉ាងច្រើន ។
នៅប្រទេសកម្ពុជា, ប្រព័ន្ធសុខាភិបាល រួមមានក្រសួងសុខាភិបាល, មជ្ឈមណ្ឌលជាតិនានា ទាំងនេះ ជាស្ថាប័នថ្នាក់ជាតិ ។ ដោយឡែក មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី/ខេត្ត, ស្រុកប្រតិបត្តិ, មណ្ឌលសុខភាព, ហើយយើងមានថ្នាក់សហគមន៍ដែលជារចនាសម្ព័ន្ធជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ គឺជាស្ថាប័នថ្នាក់ក្រោមជាតិ ។ គ្រប់ថ្នាក់មានតួនាទីនិងភារកិច្ចរៀងៗខ្លួន ប៉ុន្តែវាបំពេញឲ្យគ្នាទៅវិញទៅមក ។ ជាក់ស្តែង នៅក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ នេះ, មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពបានសហការនិងមានការឧបត្ថម្ភថវិកាពីអង្គការសុខភាពពិភពលោក, យើងបានរៀបចំគោលការណ៍ណែនាំ, វិធានការបង្ការជំងឺកូវីដ-១៩, ការផ្សព្វផ្សាយតាមរលកធាតុអាកាស, ការអប់រំផ្ទាល់នៅសហគមន៍, និងការអប់រំតាមបណ្តាញសង្គមនានា ។ មន្ទីរសុខាភិបាល, ស្រុកប្រតិបត្តិ, និងមណ្ឌលសុខភាព និងសហគមន៍ ជាអ្នកដៃដល់ក្នុងការអនុវត្តតាមគោលការណែនាំទាំងនោះពីថ្នាក់ជាតិ ។ មិនត្រឹមតែការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលប៉ុណ្ណោះទេ ក្រសួងដទៃទៀត ព្រមទាំងរាជរដ្ឋាភិបាល, អាជ្ញាធរដែនដី, និងអាជ្ញាធរមូលដ្ឋានក៏សកម្មលើការងារនេះផងដែរ ។
ជាក់ស្តែងមានការសាកល្បង គឺការពង្រឹងប្រព័ន្ធនៃការចូលរួមរបស់សហគមន៍នៅក្នុងស្រុកប្រតិបត្តិសំពៅលូន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមានការចូលរួមពីសហគមន៍ ។ យុទ្ធសាស្ត្រនៃការទប់ស្កាត់នេះ គឺជាការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី របស់មន្ត្រីនៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព, មន្ទ្រីនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង, ស្រុកប្រតិបត្តិសំពៅលូន និងមណ្ឌលសុខភាពទាំង១០ ។ ថ្នាក់ជាតិ, អង្គការសុខភាពពិភពលោក និងថ្នាក់ខេត្ត បានរៀបវិធីសាស្ត្រ និងឧបករណ៍ក្នុងការប្រមូលព័ត៌មានទាក់ទងទៅនឹងការតាមដានជំងឺកូវីដ-១៩ ហើយបានបណ្តុះបណ្តាលគ្រូបង្គោលទៅថ្នាក់មណ្ឌលសុខភាព ក្នុងគោលបំណងឲ្យពួកគាត់ទៅធ្វើការបណ្តុះបណ្តាលទៅថ្នាក់សហគមន៍ដែលមានឈ្មោះថាជាជនបង្គោលភូមិ រួមមានមេភូមិ១រូបក្នុង១ភូមិ, ក្រុមទ្រទ្រង់សុខភាពភូមិ១រូបក្នុង១ភូមិ, មេប៉ុស្តិ៍នគរបាលឃុំ១រូបក្នុងឃុំ, ប្រធាន គកនក១រូបក្នុង១ឃុំ ដើម្បីឲ្យពួកគាត់មានសមត្ថភាព, ចំណេះដឹង, ជំនាញ និងបទពិសោធន៍នានាក្នុងការបំពេញការងារតាមដាននេះ ។ ថ្នាក់ជាតិ, ថ្នាក់ខេត្ត ថ្នាក់ស្រុក និងមណ្ឌលសុខភាព បានចុះតាមដានលើការបំពេញការងាររបស់ជនបង្គោលភូមិ ។
យុទ្ធសាស្ត្រនេះ បានពង្រឹងប្រព័ន្ធការងាររួមគ្នារវាងជនបង្គោលភូមិ, មេឃុំ រួមទាំងនគរបាលប៉ុស្តិ៍តាមឃុំនីមួយៗ និងមណ្ឌលសុខភាព ឲ្យកាន់តែមានភាពល្អប្រសើរ ពោលគឺពួកគាត់បានពង្រឹងបណ្តាញក្នុងភូមិ, បណ្តាញទំនាក់ទំនងគ្នាដើម្បីឆ្លើយតបព្រឹត្តិការណ៍នានាទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់គួរជាទីមោទនៈ ជាពិសេសការតាមដានអ្នកចំណូលថ្មី, អ្នកចំណាកស្រុក, និងអ្នកគេចវេសពីការធ្វើចត្តាឡីស័កជាដើម។ តាមរយៈយុទ្ធសាស្ត្រនេះ យើងសង្ឃឹមថាប្រជាជនក្នុងស្រុកប្រតិបត្តិសំពៅលូននឹងអាចចៀសផុតពីការឆ្លងក្នុងសហគមន៍ ឬពីមហន្តរាយនៃជំងឺកូវីដ-១៩ នេះ ៕