ការពង្រឹងការប្រាស្រ័យទាក់ទងហានិភ័យ ស្តីពីជំងឺកូវីដ-១៩

         ដើម្បីសម្រេចនូវចក្ខុវិស័យរបស់មជ្ឈមណ្ឌលជាតិលើកកំពស់​សុខភាពដែល​ចែងថា "លើក​កម្ពស់​ការ​រស់នៅ​ប្រកប​ដោយ​សុខមាលភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់ ដើម្បី​កាត់​បន្ថយ​អត្រា​ឈឺ, អត្រាមរណភាព, ការ​ចំណាយ​របស់​ប្រជាជន ទៅ​លើ​បញ្ហា​សុខភាព និង​លើក​កម្ពស់​គុណភាព​ជីវិត" នោះមជ្ឈមណ្ឌលជាតិបាន​អនុវត្តបេសកម្មចម្បងៗរួមមាន ការផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា និងអ្នកទទួលសេវា, ការលើកកម្ពស់សុខភាព ទាំងការអប់រំសុខភាព និងកិច្ចសហការជាមួយវិស័យពាក់ព័ន្ធសំខាន់ៗ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ។ល​។ ការប្រាស្រ័យទាក់ទងហានិភ័យ (Risk Communication) ជាវិធីសាស្រ្តដ៏មានឥទ្ធិពលមួយក្នុងការសម្រេចនូវបេសកកម្មខាងលើ ។ មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពដែលជាសេនាធិការរបស់ក្រសួងសុខាភិបាល ត្រូវបានចាត់តាំងជាក្រុមប្រតិបត្ដិ, ការអប់រំបណ្ដុះបណ្ដាល, និងទំនាក់ទំនងសាធារណៈ ដើម្បីចូលរួមផលិតសម្ភារអប់រំផ្សព្វផ្សាយ និងពង្រឹងការចូលរួមរបស់សហគមន៍ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ។

ការរៀបចំយុទ្ធសាស្រ្ដនានា

          ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខ្លាំងនៅសហគមន៍ មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពបានរៀបចំផែនការយុទ្ធសាស្រ្តនានារួមមាន ៖

  • រៀបចំបង្កើតសារ និងផលិតសម្ភារ ស្ដីពីជំងឺកូវីដ-១៩
  • ឃោសនាផ្សព្វផ្សាយ
  • ពង្រឹងការចូលរួមរបស់សហគមន៍ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩  
  • ពង្រឹងសមត្ថភាពក្នុងការអប់រំសុខភាព ការប្រើប្រាស់សម្ភារអប់រំសុខភាព ស្ដីពីជំងឺកូវីដ-១៩ ដល់មន្រ្ដីសុខាភិបាល និងអាជ្ញាធរ នៅ ២៥ រាជធានី ខេត្ដ 
  • ចុះអប់រំ និងតាមដានការប្រើប្រាស់សម្ភារអប់រំសុខភាព នៅ ២៥ រាជធានី ខេត្ដ ។

លទ្ធផលសម្រេចបានរួមមាន៖

១)-ការផលិតសម្ភារ ការអប់រំសុខភាព និងការផ្សព្វផ្សាយ

          អនុវត្តយុទ្ធសាស្រ្ដប្រាស្រ័យទាក់ទងហានិភ័យ មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពបានផលិត និងសហការផលិតសម្ភារបាន ១៤៤ប្រភេទ ជាស្ប៉តវិទ្យុ, ទូរទស្សន៏, ចម្រៀង, សៀវភៅ, ផ្ទាំងប៉ាណូ, រូបភាពផ្ទាំងធំ និងសន្លឹកបត់ ។ល។ ផ្តោតលើសារអប់រំសុខភាពសំខាន់ៗទាក់ទងនឹងវិធានការបង្ការជំងឺកូវីដ-១៩ ដូចខាងក្រោម ៖

  • រក្សាអនាម័យលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត, ទឹកអាល់កុល ឬអាល់កុលហ្សែល ;
  • រក្សាអនាម័យផ្លូវដង្ហើម ក្អកឬកណ្ដាស់ដោយប្រើក្រដាសអនាម័យ ក្រមា ឬកែងដៃ ;
  • អនាម័យចំណីអាហារ រក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ដ ;
  • ការទទួលយក និងការរស់តាមបែកគន្លងថ្មី ;
  • ការចម្លងជំងឺកូវីដ-១៩ ការរក្សាគម្លាតសុវត្ថិភាព ;
  • ការចៀសវាងការរើសអើង។ល។

២)-ការឃោសនាផ្សព្វផ្សាយ

          មជ្ឈមណ្ឌលជាតិបានធ្វើការអប់រំ ផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមរួមមាន Facebook, YouTube, Telegram; ទូរទស្សន៍, វិទ្យុ, LED; ផ្ទាំងបដាធំៗ; តាមរយៈអាជ្ញាធរ និងមន្រ្ដីសុខាភិបាលទាំង ២៥ រាជធានី ខេត្ត ព្រទាំងបានចែកចាយជា CD, USB ផងដែរ ។

          តាមរយៈសារដែលបានផលិត និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ការផ្ដល់ព័ត៌មានជូនដល់ប្រជាជនបានឆាប់រហ័ស និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងមន្ដ្រីសុខាភិបាលមូលដ្ឋាន ធ្វើឱ្យប្រជាជនបានទទួលនូវចំណេះដឹងពីជំងឺកូវីដ-១៩ ។

៣)-ពង្រឹងការចូលរួមរបស់សហគមន៍

          ក្រុមការងារមជ្ឈមណ្ឌលជាតិបានរៀបចំចងក្រងនូវសេចក្ដីណែនាំ ស្ដីពីការអនុវត្ដវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ សម្រាប់គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិ ដែលសេចក្ដីណែនាំនេះជាជំនួយដល់ថ្នាក់ដឹកនាំសហគមន៍ពីរបៀបគ្រប់គ្រងជំងឺកូវីដ-១៩ ទៅតាមស្ថានភាពដែលបានចែកចេញជាសេណារីយ៉ូ ១, សេណារីយ៉ូ ២, និងសេណារីយ៉ូ ៣ ។

          ដោយមានការគាំទ្រ និងកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពបានបង្កើតវិធីសាស្ត្រ​ និងឧបករណ៍សម្រាប់តាមដានសុខភាពដោយមានការចូលរួមពី​សហគមន៍ដែលមានគោលបំណងតម្រង់ទិស, បង្កើនសមត្ថភាពដល់ក្រុមការងារថ្នាក់មន្ទីរសុខាភិបាល,​​ ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព​ ដើម្បីឳ្យក្រុមការងារនេះ ធ្វើការបណ្តុះបណ្តាល បង្វឹកដល់ជនបង្គោលនៅតាមភូមិក្នុងការអនុវត្តនូវវិធានការបង្ការជំងឺកូវីដ-១៩ ដែលរួមមាន ការរាយការណ៍ករណីសង្ស័យជំងឺកូវីដ-១៩, អប់រំប្រជាជនអំពីការអនុវត្ត ៣ ការពារ, ៣ កុំ, ការតាមដានចំពោះ​អ្នកគេចវេះពីការធ្វើចត្តាឡីស័ក, ព្រមទាំងដោះស្រាយនូវព័ត៌មានមិនពិត, ពាក្យចចាម​អារ៉ាម នឹងស្ថានភាពផ្សេងៗទាក់ទងនឹងជំងឺកូវីដ-១៩ ​។

៤)-ការពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ស្រុក ឃុំ អំពីការឆ្លើយតបនឹងជំងឺកូវីដ-១៩

          ក្រុមការងារមជ្ឈមណ្ឌលជាតិបានបង្កើនសមត្ថភាព ដោយរៀបចំវគ្គបណ្ដុះបណ្ដាល អំពីការអប់រំសុខភាព ការប្រើប្រាស់សម្ភារអប់រំសុខភាព ស្ដីពីជំងឺកូវីដ-១៩ ដល់មន្រ្ដីសុខាភិបាល និងអាជ្ញាធរ បានចំនួន ៨ ខេត្ដ ដែលមានសិក្ខាកាមចូលរួមមានចំនួន ២៤០ នាក់ ក្នុងនោះមានស្រ្ដីចំនួន ១៤១ នាក់ ។ វគ្គបណ្ដុះបណ្ដាលផ្ដោតសំខាន់ទៅលើការប្រាស្រ័យទាក់ទងហានិភ័យ និងការប្រើប្រាស់សម្ភារអប់រំសុខភាព ជំនាញទំនាក់ទំនង ដើម្បីឆ្លើយតបនៅបញ្ហាប្រឈមនៅក្នុងសហគមន៍ ។

          តាមរយៈលទ្ធផលនៃការតាមដាន អាជ្ញាធរស្រុក ឃុំ ព្រមទាំងមន្រ្តីសុខាភិបាល​នៅ​មូល​ដ្ឋានមានការកើនឡើងនូវចំណេះ ជំនាញ បទពិសោធន៍ ក្នុងការ​បំពេញការងាររបស់ពួកគាត់ ។ ជាពិសេសជាងនេះ​ទៅទៀត ប្រជាជនទាំងនៅក្បែរប្រជុំជន និងនៅជនបទឆ្ងាយ មានការយល់ដឹង ហើយ​អាច​អនុវត្តនូវវិធានការបង្ការជំងឺកូវីដ-១៩ គួរឳ្យកត់សម្គាល់ ។

៥)-ការចុះអប់រំសុខភាព និងតាមដានការប្រើប្រាស់សម្ភារអប់រំសុខភាព

          យើងបានធ្វើការចុះជួយការងារអប់រំសុខភាព និងតាមដានការប្រើប្រាស់សម្ភារអប់រំសុខភាព ក្នុងគោលបំណងជួយដល់អាជ្ញាធរ និងមន្រ្ដីសុខាភិបាលថ្នាក់ក្រោមជាតិ ក្នុងការចុះអប់រំដល់សហគមន៍ ការអនុវត្ដការរស់នៅតាមបែបគន្លងថ្មី ជាពិសេសវិធានការបង្ការ ៣ ការពារ និង ៣ កុំ ។ តាមរយៈការចុះជួយ បង្វឹកផ្ទាល់នៅ​មូល​ដ្ឋាននេះ ក្រុមការងារអាច​ជួយបច្ចេកទេសដល់ពួកគាត់ និងជួយដោះស្រាយបញ្ហាដែល​ពួកគាត់មានផងដែរ។ ក្នុងពេលបន្ទាន់នេះយើងបានចុះអប់រំ និងតាមដានបានចំនួន ២៥ ដង រួមមាន ២៣ ខេត្ដ រួមមាន ព្រៃវែង, ស្វាយរៀង, តាកែវ, កំពត, កំពង់ស្ពឺ, កែប, ព្រះសីហនុ, កោះកុង, ស្ទឹងត្រែង, ក្រចេះ, រតនគិរី, មណ្ឌលគិរី, ព្រះវិហារ, ប៉ៃលិន, បាត់ដំបង, សៀមរាប, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ធំ, ត្បូងឃ្មុំ, និងកំពង់ចាម ។ ជាលទ្ធផលគឺ ៖

  • អាជ្ញាធរមូលដ្ឋាន និងមន្រ្ដីសុខាភិបាលបានធ្វើការផ្សព្វផ្សាយពីជំងឺកូវីដ-១៩ ដល់សហគមន៍តាមរយៈ ការចុះអប់រំផ្ទាល់ ការចាក់ផ្សាយតាមរយៈឧបករណ៍បំពងសម្លេង ;
  • បានចុះចែកសម្ភារអប់រំសុខភាព និងបិទតាំងនៅតាមមន្ទីរពេទ្យ, មណ្ឌលសុខភាព, សាលារៀន, វត្ដអារាម, កន្លែងចត្ដាឡីស័ក និងនៅតាមទីប្រជុំជននានា ;
  • បានពិនិត្យមើលកន្លែងសម្រាប់ធ្វើចត្ដាឡីស័កនៅបណ្តាលខេត្តទាំងនោះ និងមានការគ្រប់គ្រង ពីអាជ្ញាធរមូលដ្ឋាន ;
  • មានការយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ចែង និងជួយគាំទ្រ នៅក្នុងយុទ្ធនាការនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ តាំងពីអភិបាលខេត្ត ស្រុក ឃុំ ក្នុងការគ្រប់គ្រងពលករចំណាកស្រុក ឬអ្នកដំណើរនៅតាមច្រកព្រំដែន ការបញ្ជូនពលករទៅតាមទីតាំង និងខេត្តផ្សេងៗ ។

          ក្នុងនោះដែរក្រោមការឧបត្ថម្ភថវិកាពីអង្គការសុខភាពពិពភលោក យើងក៏បានចុះធ្វើការអប់រំ ផ្សព្វផ្សាយ ​តាមដាន និងចែកចាយសម្ភារអប់រំសុខភាព​ស្តីពីកូវីដ-១៩ បានចំនួន ​១០ ខេត្តគឺ ខេត្តព្រៃវែង បន្ទាយមានជ័យ កំពង់ចាម ប៉ៃលិន ត្បូងឃ្មុំ ​ឧត្តរមានជ័យ ​ស្វាយរៀង ​កំពង់ស្ពឺ​ ពោធិ៍សាត់ ​និងកំពង់ឆ្នាំង​ ។ បានចុះនៅមន្ទីរពេទ្យពេទ្យខេត្តចំនួន ៤, មន្ទីរពេទ្យបង្អែកចំនួន ២, មណ្ឌលសុខភាពចំនួន ១៤, មណ្ឌលចត្តាឡីស័កចំនួន ១៩ ​និងភូមិចំនួន​ ២០,  ជាលទ្ធផល ៖

  • បានចុះធ្វើកិច្ចសម្ភាសជាមួយមន្ទីរសុខាភិបាលខេត្ត​ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងបណ្តាភូមិនានា ​;
  • បានចែកចាយសម្ភារកូវីដ-១៩ ដែលគាំទ្រដោយ NCHP, WHO, World Vision, ARD, ADRA, PSI, CDC និងបណ្តាក្រសួងនានា ;
  • ផ្តល់ស៉្បតចម្រៀង​ និងសារអប់រំកូវីដ-១៩  ទៅដល់ខេត្តទាំងនោះ ហើយបណ្តាខេត្តទាំង ១០ កំពុងធ្វើការចាក់ផ្សាយបន្តទៅតាមបណ្តាមន្ទីរពេទ្យខេត្ត, មន្ទីរពេទ្យបង្អែកស្រុក, មណ្ឌលសុខភាព និងបានដាក់តាំងរូបភាពផ្ទាំងធំ នៅតាមទីប្រជុំជន និងតាមសហគមន៍​ ; 
  • បានពិនិត្យមើលមណ្ឌលចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ និងមណ្ឌលព្យាបាលកូវីដ-១៩ ជាច្រើននៅគ្រប់ខេត្តទាំង​១០ ;
  • ផ្តល់ការណែនាំដល់មន្ត្រីសុខាភិបាល ឱ្យរៀបចំការផ្សព្វផ្សាយទៅដល់សហគមន៍ពីការលាងដៃ ការពាក់ម៉ាស់ ការរក្សាគម្លាត ១ ម៉ែត្រកន្លះពីគ្នា ; 
  • មានការចូលរួមយ៉ាងសកម្មពីមន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន, គកនក, ក្រុមទ្រទ្រង់សុខភាពភូមិនិងសហគមន៍បានចុះបំពេញការងារនៅសហគមន៍របស់គាត់ជាប្រចាំ រួមមាន សកម្មភាពបិទ​តាំងសម្ភារ, ការអប់រំសុខភាព, ការចែកកូនសៀវភៅ, ការដោះស្រាយកង្វល់ អារម្មណ៍មិនល្អនានា ។

        លទ្ធផលជារួមពីកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលជាតិ, ក្រសួងសុខាភិបាល, ព្រមទាំងក្រសួងផ្សេងៗទៀត រួមទាំងថ្នាក់ក្រោមជាតិ ទាំងអាជ្ញាធរដែនដី គឺប្រជាជនបានធ្វើការលាងសម្អាតដៃមានការកើនឡើង, មានទម្លាប់ក្នុងការពាក់ម៉ាស់, ព្រមទាំងរក្សាគម្លាតបុគ្គល គម្លាតសង្គម បានច្រើន ហើយផលប៉ះពាល់លើសពីនេះទៀតគឺករណីអ្នកឈឺរាករុះ រលាកផ្លូវដង្ហើមមានការថយចុះ ។ 

ចែករំលែក
Copy link URL