របាយការណ៍ឆ្នាំ២០១៦-២០១៧នេះ បង្ហាញពីសមិទ្ធផលនានាដែលសម្រេចបានស្របតាមគោលការណ៍ណែនាំទាំង៦ របស់អង្គការសុខភាពពិភពលោក ដើម្បីទប់ស្កាត់ការរាលដាលនៃការប្រើប្រាស់ផលិតផលថ្នាំជក់លើសកលលោក។
បច្ចុប្បន្នការប្រើប្រាស់ថ្នាំជក់គឺជាបន្ទុកសុខភាពសាធារណៈចម្បងទី១នៅលើសកលលោក។ ថ្នាំជក់បានសម្លាប់អ្នកជក់ប្រហែល៧.២លាននាក់ ក្នុងមួយឆ្នាំ និងអ្នស្រូបផ្សែងផលិតផលថ្នាំជក់ប្រហែល៩សែននាក់ក្នុងមួយឆ្នាំ ដែលបង្កដោយជំងឺជាច្រើន ជាពិសេសជំងឺមហារីកសួត ជំងឺបេះដូង ជំងឺដាច់សសៃឈាមខួរក្បាល ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរៃ។ ចំនួនអ្នកស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់ច្រើនជាងអ្នកស្លាប់ដោយជំងឺអេដស៍ របេង និងជំងឺគ្រុនចាញ់រួមបញ្ចូលគ្នា។ តាមការព្យាករណ៍ ថ្នាំ ជក់នឹងសម្លាប់មនុស្ស៧លាននាក់ក្នុងមួយនាឆ្នាំ២០៣០ ដែលភាគច្រើនគឺក្នុងចំណោប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឍ។
ថ្វីត្បិតតែឧស្សាហកម្មថ្នាំជក់តែងតែបានលើកឡើងអំពីការចូលរួមចំណែកក្នុងការផ្តល់ការងារដល់ប្រជាជន និងប្រាក់ចំណូលរដ្ឋតាមរយៈការបង់ពន្ធក៏ដោយ តែជារួមការប្រើប្រាស់ផលិតផលថ្នាំជក់ធ្វើឱ្យខាតបង់ដល់សេដ្ឋកិច្ចជាតិ និងផលវិបាកសង្គមជាច្រើន។
ការជក់បារីបានដាក់បន្ទុកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរទៅលើសង្គម។ វាអាចបង្កឱ្យមានជំងឺទាំងអ្នកជក់ខ្លួនឯងផ្ទាល់ និងអ្នកដែលស្រូបផ្សែងបារីពីគេ។ ជាលទ្ធផលគឺធ្វើឲ្យរដ្ឋ អ្នកជំងឺ និងគ្រួសារអ្នកជំងឺ ត្រូវចំណាយប្រាក់យ៉ាងច្រើនលើថ្លៃថែទាំសុខភាព និងបណ្តាលឱ្យខាតបង់ផលិតភាពពលកម្មដែលបណ្តាលមកពីការខាតបង់ពេលវេលា និងការស្លាប់មុនអាយុ។
ដើម្បីកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់នៅក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាលបានចាត់ទុកមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពជាអង្គភាពបង្គោលថ្នាក់ជាតិ លើកម្មវិធីប្រយុទ្ធប្រឆាំងនឹងថ្នាំជក់។ អង្គភាពនេះមានតួនាទីចម្បងក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តនានា កសាងសម្ថភាពភាគីពាក់ព័ន្ធ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងកម្មវិធីប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ លើកកម្ពស់ការយល់ដឹងដល់សាធារណជនពីផលវិបាកនៃការប្រើប្រាស់ថ្នាំជក់ និងពង្រីកការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។
របាយការណ៍ស្តីពីសមិទ្ធផលកម្មវិធីត្រួតពិនិត្យថ្នាំជក់ ២០១៦-២០១៧ នេះ នឹងបង្ហាញពីសមិទ្ធផលនានាដែលសម្រេចបានស្របតាមគោលការណ៍ណែនាំទាំង៦ របស់អង្គការសុខភាពពិភពលោក ដើម្បីទប់ស្កាត់ការរាលដាលនៃការប្រើប្រាស់ផលិតផលថ្នាំជក់លើសកលលោក។