សមិទ្ធិផលការងារ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំ​ជក់ ឆ្នាំ២០២០

សមិទ្ធផលការងារត្រួតពិនិត្យផលិតផលថ្នាំជក់មាន៖

១.ការដាក់សារព្រមានសុខភាពជាភាសាខ្មែរនិងជារូបភាព លើកញ្ចប់ផលិតផលថ្នាំជក់ ទំហំ៥៥% សម្រេចបានតាមសូចនាករ។ កន្លងទៅនេះក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំថ្មី ដោយតម្រូវឱ្យគ្រប់ក្រុមហ៊ុនផលិតផលថ្នាំជក់ទាំងអស់ត្រូវបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកពា្ចប់ផលិតផលថ្នាំជក់ថ្មីពីរទៀតគឺ រូបភាពជក់បារីបណ្តាលឱ្យកើតជំងឺហើមសួត និងរូបភាពជក់បារី បណ្តាលឱ្យកើតជំងឺបេះដូង។

២. ការអនុវត្តវិធានការហាមការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែង​សាធារណៈ មានការរីកចម្រើនជាពិសេសនៅតាមគ្រឹះស្ថានធ្វើការទាំងរដ្ឋ និងឯកជន សណ្ឋាគារ និង​ភោជនីយដ្ឋាន។ លើសពីនេះថ្នាក់ដឹកនាំ រាជធានី ខេត្ត ៦ គឺខេត្តបាត់ដំបង សៀមរាប កំពង់ចាម ព្រះសីហនុ  កណ្តាល  និងរាជធានីភ្នំពេញ បានប្តេជ្ញាចិត្ត បង្កើតជាបណ្តាញទីក្រុងគ្មានផ្សែងបារី និងការពារជំងឺមិនឆ្លងនៅកម្ពុជា ដែលឆ្ពោះទៅរកការបង្កើតទីក្រុងគ្មានផ្សែងបារីនៅឆ្នាំ២០២៣ ។

៣. អនុវត្តវិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្មបានប្រសើរ ដោយលប់បំបាត់ទាំងស្រុង ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហករថ្នាំជក់ តាមរយៈវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តីក្នុងស្រុក និងផ្ទាំងប៉ាណូធំៗ។ ការផ្សព្វផ្សាយនៅតាមទីតាំងលក់រាយត្រូវបានកាត់បន្ថយ តែមិនទាន់លុបបំបាត់បានទាំងស្រុងនៅឡើយ។

៤. មជ្ឈមណ្ឌល​ជាតិ​លើក​កំពស់​សុខភាព​សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​នៃ​ក្រសួង​មហា​ផ្ទៃ ដើម្បី​ចុះ​ពិនិត្យ​តាមដាន​ដល់​កន្លែង​ពី​ស្ថានភាព​បារី​ដែល​មិន​បាន​ដាក់​សារ​ព្រមាន​សុខភាព​។

៥. យន្តការត្រួតពិនិត្យផលិតផលថ្នាំជក់ និងការអនុវត្តច្បាប់់ត្រូវបានពង្រឹងជាបន្តបន្ទាប់៖

  • បានរៀបចំសិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ។
  • បានរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការផ្តល់ប្រឹក្សាដើម្បីលះបង់ទម្លាប់ជក់បារីនៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត
  • រាជរដ្ឋាភិបាលបានអនុម័តលើសេចក្ដីសម្រេចស្ដីពី ការតែងតាំងសមាសភាពរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ (គ.ត.ផ.ថ) 
  • បានបណ្តុះបណ្តាលមន្រ្តីអធិការកិច្ចផលិតផលថ្នាំជក់

          ដោយមានការគាំទ្រ សហការល្អ និងមានការប្រឹងប្រែងពីថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ក្រសួងសុខាភិបាល ស្ថាប័នជាតិ អន្តរជាតិ អង្គការមិនមែន   រដ្ឋាភិបាល អជ្ញាថ្នាក់ជាតិ ខេត្ត-ក្រុង និងសហគមន៍ ជាពិសេសការការប្តេជ្ញាចិត្តខិតខំប្រឹងប្រែង និងការគាំទ្រតាមគ្រប់រូបភាពពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលលើការងារទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់ ។

          តម្រូវការឱ្យមានការបន្តការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់។ មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ដែលជាសេនាធិការជំនាញទទួលបន្ទុកលើការងារទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់មានទិសដៅ៖

  • បន្តជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ឱ្យមានប្រសិទ្ធភាពខ្ពស់
  • ពង្រីកទំហំការបោះពុម្ពរូបភាព និងសារព្រមានសុខភាពជាភាសាខ្មែរលើកញ្ចប់បារីអោយបានដល់៩០%
  • ពង្រឹងយន្តការត្រួតពិនិត្យផលិតផលថ្នាំជក់នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដើម្បីការអប់រំ និងអនុវត្តច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់។
  • ជំរុញការចុះអធិការកិច្ចផលិតផលថ្នាំជក់។
ចែករំលែក
Copy link URL