ភាគច្រើនអ្នកស្រុកភូមិតែងតែលើកឡើងថា "សុខភាពមានតម្លៃមិនអាចកាត់ថ្លៃបាន" ឬ "សុខភាពពុំមានលក់ដូរនៅទីផ្សារទេ" ។ អញ្ចឹងការថែទាំសុខភាពគឺជាកាតព្វកិច្ចរបស់បុគ្គលគ្រប់រូប ខានមិនបាន ។ មនុស្សមានវិញ្ញាណ៥ គឺ ចក្ខុវិញ្ញាណ, សោតវិញ្ញាណ, ឃានវិញ្ញាណ, ជីវ្ហាវិញ្ញាណ, និងកាយវិញ្ញាណ (ភ្នែក, ត្រចៀក, ច្រមុះ, អណ្តាត, និងស្បែក) វាជាសរីរាង្គដែលមនុស្សអត់វាមិនបាន ឬបើបាន ហាក់ដូចជាខ្វះអ្វីមួយ ឬមានអារម្មណ៍តប់ប្រមល់ ។ល។ ហេតុនេះហើយបានជាក្រោមកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពដែលជាសេនាធិការឳ្យក្រសួងសុខាភិបាលលើការងារផ្លាស់ប្តូរឥរិយាបថដើម្បីសុខភាព, បានធ្វើយុទ្ធការ "លុបបំបាត់ជំងឺភ្នែកឡើងបាយ" ប្រកបដោយផ្លែផ្កានៅខេត្តកំពង់ចាម កាលពីពាក់កណ្តាលឆ្នាំ២០១៩ ដោយមានការជួយឧបត្ថម្ភថវិកាពីប្រទេសចិន ក្រោមគម្រោង "ផ្លូវមួយ ខែ្សក្រវ៉ាត់មួយ" ។
យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៅសហគមន៍អំពីជំងឺភ្នែកឡើងបាយ និងបង្កើនលទ្ធភាពឳ្យពួកគាត់បានទទួលសេវាបកភ្នែក ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពដែលជាស្ថាប័នជំនាញលើការងារផ្លាស់ប្តូរឥរិយាបថ បានបង្កើនសមត្ថភាពមន្ត្រីក្រោមជាតិ ដោយផ្តល់ចំណេះដឹង, ជំនាញ, បទពិសោធន៍, មេរៀន, ឬក្បួនច្បាប់នៃជំនាញប្រាស្រ័យទាក់ទងអន្តរបុគ្គលតាមរយៈការបើកវគ្គបណ្តុះបណ្តាលអំពីជំងឺភ្នែកឡើងបាយទៅដល់មន្រ្តីនៃមន្ទីរសុខាភិបាលខេត្ត, មន្ត្រីស្រុកប្រតិបត្តិ, មន្រ្តីមណ្ឌលសុខភាព, អាជ្ញាធរស្រុក, ឃុំ, និងភូមិ ដើម្បីឳ្យពួកគាត់មានភាពស្ទាត់ជំនាញក្នុងការចុះអប់រំ ផ្សព្វផ្សាយបញ្ហាភ្នែកឡើងបាយនេះដល់ក្រុមគោលដៅនៅក្នុងតំបន់គ្របដណ្តប់របស់ខ្លួន។
ការអប់រំផ្សព្វផ្សាយ ការបញ្ចូលព័ត៌មានទៅក្នុងស្រទាប់ប្រជាពលរដ្ឋ ត្រូវបានធ្វើឡើងតាមមធ្យោបាយធំៗពីរគឺ ការផ្សព្វផ្សាយតាមរលកធាតុអាកាស និង ការប្រាស្រ័យទាក់ទងអន្តរបុគ្គល ។ ដំណើរការផ្សព្វផ្សាយតាមរលកធាតុអាកាសរួមមាន តាមទូរទស្សន៍ជាតិ និងទូរទស្សន៍ខេត្តកំពង់ចាម ដោយស្ប៉តទូរទស្សន៍នេះត្រូវបានផលិតដោយក្រុមការងារនៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ។ បន្ថែមលើនេះ យុទ្ធនាការបានផលិតសម្ភារអប់រំសុខភាពភ្នែកបន្ថែមទៀត ជាអាទិ៍ បដា, បាណូ ត្រូវបានដាក់តាំងនៅទីប្រជុំជនដែលមនុស្សចេញចូលច្រើន, តាមសាលារៀន, តាមទីវត្តអារាម តាមបណ្តាផ្លូវសំខាន់ៗនៅក្នុងតំបន់យុទ្ធនាការ ។ ការប្រាស្រ័យទាក់ទងផ្ទាល់ជាមួយក្រុមគោលដៅដោយប្រើប្រាស់នូវសម្ភារដែលបានផលិត រួមទាំងខិតប័ណ្ណចែកជូនក្រុមគោលដៅផងដែរ ។
យុទ្ធនាការផ្សព្វផ្សាយនេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកកម្ពស់សុខភាពដើម្បីលុបបំបាត់ភាពពិការភ្នែកឡើងបាយ នៅខេត្តកំពង់ចាម ដោយមានសមាជិកចូលរួមប្រមាណ២០០នាក់ ហើយក្រោមអធិបតេយ្យភាពរបស់លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។ សកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ មានមជ្ឈមណ្ឌលជាតិជាអ្នកដឹកនាំ សម្របសម្រួល និងថ្នាក់ក្រោមជាតិ មានលាសាខេត្ត មន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរសុខាភិបាលខេត្ត, ស្រុកប្រតិបត្តិនានា ។
ជាលទ្ធផលជោគជ័យនៃយុទ្ធការនេះ គឺប្រជាជនដែលមានបញ្ហាភ្នែកឡើងបាយនៅក្នុងខេត្តកំពង់ចាមមានចំនួនរហូតដល់៦,២០៨នាក់ បានទទួលសេវាបកភ្នែកឡើងបាយ ហើយពួកគាត់មានការពេញចិត្តចំពោះឥរិយាបថរបស់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យខេត្តកំពង់ចាមទៀតផង ៕