មណ្ឌលសុខភាពគឺជាកន្លែងផ្តល់សេវាសុខាភិបាលនៅថ្នាក់ក្រោមបំផុតនៃប្រព័ន្ធសុខាភិបាលនៅកម្ពុជា ។ មណ្ឌលសុខភាពមួយគ្របដណ្តប់ប្រជាពលរដ្ឋជាមធ្យមចំនួន១០,០០០នាក់, ភូមិមួយចំនួន, ហើយគ្របដណ្តប់ឃុំ អាច១ឃុំ ឬ២ឃុំ ឬ៣ឃុំ ។ល។ មណ្ឌលសុខភាពមានការងារច្រើន ទាំងការងារបច្ចេកទេស, ការងារគ្រប់គ្រង, និងកិច្ចទំនាក់ទំនងគ្រប់មជ្ឈដ្ឋាន ។ ប៉ុន្តែដោយកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា ទើបអាចសម្រេចបាននូវការងារធំៗមួយចំនួន ។ ជាក់ស្តែង មណ្ឌលសុខភាពជ្រៃ ដែលស្ថិតនៅតាមដងផ្លូវជាតិលេខ៥, ភូមិហៃសាន, ឃុំជ្រៃ, ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើរបងព័ទ្ធជុំវិញដោយមានការចូលរួមពីសហគមន៍ ។
មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពដែលជាសេនាធិការរបស់ក្រសួងសុខាភិបាល បានរៀបចំសេចក្តីណែនាំស្តីពីការអនុវត្តន៍គោលនយោបាយជាតិថែទាំសុខភាពបឋមដែលបានកំណត់យន្តការពីរនៃការចូលរួមរបស់សហគមន៍ គឺគណកម្មការគ្រប់គ្រងមណ្ឌលសុខភាព (គគម) និងក្រុមទ្រទ្រង់សុខភាពភូមិ (កទសភ) ។
មណ្ឌលសុខភាពផ្តល់សេវាថែទាំសុខភាពបឋមដែលរួមមាន សេវាការពារ និងសេវាថែទាំព្យាបាលកម្រិតបឋម ។ លើសពីនេះទៅទៀត, (១) មណ្ឌលសុខភាពត្រូវធ្វើទំនាក់ទំនងល្អជាមួយផ្នែកពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន, និងប្រជាជនគ្រប់ស្រទាប់នៅក្នុងតំបន់គ្របដណ្តប់របស់ខ្លួន ក្នុងន័យសម្របសម្រួលក្នុងការផ្តល់សេវាឳ្យបានល្អ ។ (២) មណ្ឌលសុខភាពត្រូវធ្វើការងារគ្រប់គ្រង ការចាត់ចែង, ការដឹកនាំ, ការបំផុសឳ្យមានការចូលរួមពីប្រជាជនទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ក្នុងការប្រើប្រាស់, ការថែទាំ, ការជួសជុល មណ្ឌលសុខភាពខ្លួន ។
ជាក់ស្តែង មណ្ឌលសុខភាពជ្រៃបានទទួលជោគជ័យនៃកិច្ចខិតខំប្រឹងប្រែង ពុះពារ ជំនះគ្រប់ឧបសគ្គអស់រយៈពេលមួយឆ្នាំទើបសម្រេចបានការសាងសង់របងបេតុងដែលមាន៨០ ប្រឡោះ ហើយចំណាយថវិកាជាង ១០,០០០ដុល្លារអាមេរិក ។ ជោគជ័យនេះ ជាការឆ្លុះបញ្ចាំងឳ្យឃើញថា ការចូលរួមរបស់សហគមន៍គឺមានអំណាច, មានឥទ្ធិពល, មានភាពខ្លាំងនៅក្នុង គគម របស់ពួកគាត់ ។ ពួកគាត់ព្យាយាមគិត, ចលនាឳ្យមានការចូលរួម, ធ្វើហើយធ្វើទៀត ដោយកៀគរធនធានទាំងបុគ្គលិកមណ្ឌលសុខភាពខ្លួនឯង, ក្រុមប្រឹក្សាឃុំ, ផ្នែកផ្សេងទៀតនៅមូលដ្ឋានផ្ទាល់, ប្រជាពលរដ្ឋ, អាជីវករ, ទាំងក្នុង និងក្រៅតំបន់ដណ្តប់របស់ខ្លួន ។
ជាការសន្និដ្ឋានរួម អ្វីៗទាំងពួងនឹងសម្រេចទៅបានគឺស្ថិតនៅត្រង់ការចូលរួម ស្រុះស្រួលគ្នា ការពុះពារមិនរាថយ ដោយដាក់ឧបសគ្គទាំងអស់នៅក្រោមបាតជើង ហើយដាក់ភ្នែកសម្លឹងទៅគោលដៅជានិច្ច នោះជោគជ័យ និងគុណតម្លៃនៃស្ថាប័នរបស់ខ្លួនកើតមានជាមិនខាន ៕